១១កញ្ញា២០២៥!ខួប២៤ឆ្នាំនៃព្រឹត្ដិការណ៍ប្លន់យន្ដហោះយកទៅបុកកម្ទេចអគារពាណិជ្ជកម្មអាមេរិក

ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ជាថ្ងៃដែលប្រជាជនអាមេរិកចងចាំមិនភ្លេចនិយាយដោយឡែក និងពិភពលោកនៅតែចងចាំនិយាយជារួម ដ្បិតវាជាព្រឹត្តិការណ៍ប្លន់យន្តហោះ យកមកវាយប្រហារភេរវកម្មដ៏សាហាវ និងកម្របំផុតនៅលើពិភពលោក។ គិតពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ដល់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥ ព្រឹត្តិការណ៍វាយប្រហារភេរវកម្មដែលត្រូវបានចារក្នុងប្រវត្តិសាស្រ្តអាមេរិកនេះ បានកន្លងផុតទៅអស់រយៈពេល២៤ឆ្នាំហើយ។

ការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើអគារពាណិជ្ជកម្មភ្លោះពិភពលោក ស្ថិតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក គឺជាផែនការរបស់ក្រុមភេរវករអាល់កៃដា ដែលចង់បង្កមហន្ដរាយដល់អាមេរិក។ នៅថ្ងៃកើតហេតុ យន្តហោះដឹកអ្នកដំណើរ៤គ្រឿង ដែលគ្រោងចាកចេញពីអាកាសយាន្តដ្ឋាន ស្ថិតនៅឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក ត្រូវបានក្រុមអាល់កៃដាមានគ្នា១៩នាក់ប្លន់ ក្នុងគោលដៅបើកបំបុកអគារសំខាន់ៗនៅអាមេរិក។ ក្នុងចំណោមយន្តហោះទាំងនោះ មានយន្តហោះពីរគ្រឿង គឺប្រភេទAmerican Airlines Flight 11 និងប្រភេទ United Airlines Flight 175 បានបើកបុកពីភាគខាងជើងនិងខាងត្បូង នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ចន្លោះម៉ោង៨៖៤៦នាទីព្រឹកម្តង និងម៉ោង៩៖០៣នាទីព្រឹកម្តងទៀត ដែលបង្កជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មួលខ្មាញ់បាញ់ទៅលើអាកាស។

ចំណែកយន្តហោះទីបី គឺAmerican Airlines Flight 77 បានធ្លាក់នៅមន្ទីរPentagon នៅម៉ោង៩៖៣៧នាទីព្រឹក បណ្តាលឱ្យមានការដួលរលំមួយផ្នែក។ រីឯជើងហោះហើរទីបួន គឺUnited Airlines Flight 93 ត្រូវបានអ្នកស៊ើបអង្កេតជឿជាក់ថា គ្រោងកំណត់គោលដៅ លើទាំងវិមានកាពីតូលឬសេតវិមានអាមេរិក ប៉ុន្តែដោយទទួលបានដំណឹងពីការវាយប្រហារ ដោយយន្តហោះ៣គ្រឿងមុន អ្នកដំណើរក្នុងយន្តហោះក៏នាំគ្នាប្រវាយប្រតប់ប្រឆាំងនឹងក្រុមចោរប្លន់ ដែលជាហេតុធ្វើឱ្យយន្តហោះមួយគ្រឿងចុងក្រោយនេះ ធ្លាក់ចូលទៅក្នុងទីវាលក្បែរទីក្រុង Shanksville រដ្ឋ Pennsylvania នៅម៉ោង ១០៖០៣នាទី ព្រឹក។

និយាយអំពីអគារភ្លោះដ៏ស្កឹមស្កៃដែលធ្លាប់តែបង្អួតខ្លួននៅក្រុងញូវយ៉ក ក្រោយត្រូវយន្ដហោះបុកទម្លុះ រយៈពេលតែ១ម៉ោងនិង៤២នាទីប៉ុណ្ណោះ អគារពាណិជ្ជកម្មភ្លោះដ៏រឹងមាំទាំងពីរ មានកម្ពស់១១០ជាន់នេះ ត្រូវរលំខ្ទេចខ្ទី និងបង្កជាអគ្គីភ័យឆាបឆេះរាលដាលដល់អគារសំខាន់ៗនៅជិតនោះ។ ព្រឹត្តិការណ៍វាយប្រហារភេរវកម្មដ៏មហាប្រល័យនេះ បានសម្លាប់មនុស្សចំនួន២,៩៩៦នាក់ ទាំងអ្នកនៅលើដី អ្នកដំណើរក្នុងយន្តហោះ ហើយក្រុមចោប្លន់យន្ដហោះទាំង១៩នាក់ ក៏ស្ថិតក្នុងចំណោមជនរងគ្រោះស្លាប់ទាំងអស់នោះដែរ ខណៈមនុស្សរាប់ពាន់នាក់ផ្សេងទៀតរងរបួស។

ការវាយប្រហារភេរវកម្មដ៏ធំដោយក្រុមភេរវករអ៊ីស្លាមនិយមជ្រុលប្លន់យន្តហោះទៅបើកបំបុកជាបន្តបន្ទាប់លើអគារពាណិជ្ជកម្មរបស់អាមេរិកនេះ បានបង្កការខូចខាតគិតជាទឹកប្រាក់មានយ៉ាងតិចណាស់១០ពាន់លានដុល្លារអាមេរិក។ ការបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ដែលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធនៅក្បែរនោះផង បានបង្កជាវិបត្ដិយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចនៃតំបន់Lower Manhattan ជាផ្នែកមួយនៃទីក្រុងញូវយ៉ក និងប៉ះពាល់ដល់ទីផ្សារពិភពលោកបន្ថែមទៀត។ ចំណែកមនុស្សមួយចំនួនបានជម្លៀសចេញ ហើយនៅតែបារម្ភខ្លាចមានការវាយប្រហារកើតឡើងម្ដងទៀត។
ក្រោយសង្ស័យទៅលើក្រុមអាល់កៃដា មានមូលដ្ឋាននៅប្រទេសអាហ្វហ្គានីស្ថាន ថាជាអ្នកនៅពីក្រោយការប្លន់យន្តហោះ បុកកម្ទេចអគារពាណិជ្ជកម្មភ្លោះរបស់ខ្លួន អាមេរិកបានឆ្លើយតបចំពោះសកម្មភាពនេះ ដោយការចាប់ផ្ដើមធ្វើសង្គ្រាមប្រឆាំងភេរវកម្ម។

អាហ្វហ្គានីស្ថានកាលនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ បានជួយលាក់បំពួនលោកអូសាម៉ា ប៊ិនឡាដិន (Osama bin Laden)ដែលជាមេក្លោងធំ នៅពីក្រោយការវាយប្រហារនេះ។ កំហឹងរបស់អាមេរិក បានបង្ខំឱ្យប្រទេសមហាអំណាចមួយនេះ លើកទ័ពចូលរុករកមេភេរវករ ដល់ប្រទេសប្រទេសអាហ្វហ្គានីស្ថាន និងឈានដល់ការបង្កើតមូលដ្ឋានយោធា ដើម្បីតាមកម្ចាត់ក្រុមតាលីបង់ បង្កើតឡើងជាក្រុមអាល់កៃដា។

ដំបូងឡើយមេដឹកនាំក្រុមអាល់កៃដា លោកអូសាម៉ា ប៊ិនឡាដិនបដិសេធថាមិនពាក់ព័ន្ធនឹងការវាយប្រហារនេះទេ ប៉ុន្ដែនៅឆ្នាំ២០០៤ លោកបានអះអាងទទួលខុសត្រូវ និងរក្សាការរស់នៅលាក់ខ្លួនយ៉ាងអាថ៌កំបាំង ដើម្បីគេចវេះពីការតាមប្រមាញ់របស់អាមេរិក។ តែទោះបីជាខំរត់គេចដល់កន្លោះកន្លៀតណា ក៏មិនរួចផុតពីកណ្តាប់ដៃអាមេរិកដែរ ដោយនៅទីបំផុតលោក អូសាម៉ា ប៊ិនឡាដិនត្រូវគេចាប់ខ្លួនបាន និងត្រូវសមាជិកយោធាអាមេរិក សម្លាប់ចោលនៅខែឧសភាឆ្នាំ២០១១ បន្ទាប់ពីចំណាយពេល១០ឆ្នាំ នៅក្នុងការតាមប្រមាញ់មេភេរវកររូបនេះ៕

Oplus_131072

Leave a Reply

Your email address will not be published. Required fields are marked *