លោក ដូណាល់ ត្រាំ ហៅទូរសព្ទមកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជជែករឿងបញ្ឈប់ការបាញ់គ្នារវាងកម្ពុជា-ថៃ !

(ម៉ាឡេស៊ី)៖ លោក អាន់វ៉ា អីប្រាហ៊ីម បានទទួលការហៅទូរស័ព្ទពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាអំពីជម្លោះកម្ពុជា-ថៃ ផ្ទុះឡើងជាថ្មីដែលមានរយៈពេល ៥ថ្ងៃមកហើយ។

នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះលើតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អាន់វ៉ា បានប្រាប់លោក ត្រាំ អំពីភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ ដោយពន្យល់ពីតួនាទីរបស់ម៉ាឡេស៊ី ក្នុងការជំរុញប្រទេសទាំងពីរឱ្យបញ្ឈប់ការបាញ់គ្នា ហើយត្រឡប់ទៅតុចរចាវិញ តាមរយៈកិច្ចសន្ទនាក៏ដូចជាយន្តការទ្វេភាគី និងអាស៊ាន។

លោកថា ម៉ាឡេស៊ីនៅតែត្រៀមខ្លួនជាស្រេចដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រាលស្ថានការណ៍ និងស្ដារស្ថិរភាពក្នុងតំបន់ ស្របតាមស្មារតីនៃអ្នកជិតខាងល្អរបស់អាស៊ាន។

ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ម៉ាឡេស៊ី​នឹង​រៀបចំ​កិច្ច​ប្រជុំ​ពិសេស ​នៃ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ពេល​ខាង​មុខ ដើម្បី​វាយ​តម្លៃ​ស្ថានការណ៍ និង​គាំទ្រ​វិធានការ​បន្ធូរបន្ថយ​ការ​កើន​ឡើងកម្តៅ។

លោក អាន់វ៉ា ក៏មិនបំភ្លេចថ្លែងអំណរគុណផងដែរ ចំពោះការចូលរួមយ៉ាងសកម្មរបស់សហរដ្ឋអាមេរិក ជាមួយអាស៊ាន និងទំនុកចិត្តដែលបានផ្តល់ឱ្យម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥៕

 

Leave a Reply

Your email address will not be published. Required fields are marked *