ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានការសហការគាំទ្រពីរដ្ឋបាលខេត្ត បានរៀបចំដាំកូនឈើទាល ចំនួនជាង ៣០០០ដើម នៅលើផ្ទៃដី ៥ហិកតា ក្នុងឱកាស “រុក្ខទិវា” ស្ថិតនៅក្នុងស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើក្នុង ភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ពិធីនេះធ្វើឡើងដើម្បីអបអរសាទរ រុក្ខទិវា ៩កក្កដា និងបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងវត្តមាន ថ្នាក់ដឹកនាំអង្គភាពមន្ទីរ កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំង ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនទៀត។
លោក អភិបាលរងខេត្តបញ្ជាក់ថាព្រៃឈើមានតួនាទីសំខាន់ជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និង ជាខឿននៃសេដ្ឋកិច្ចជាតិ ព្រៃឈើថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ីតាមរយៈការជួយធ្វើនិយ័តកម្មអាកាស ធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូប យកឧស្ម័នកាបូនិចពីបរិយាកាសរក្សាស្ថិរភាពបរិយាកាស ។ ទន្ទឹមនេះព្រៃឈើផ្តល់នូវសេវាកម្ម និងជួយ គាំពារផ្នែកបរិស្ថានជាច្រើនទៀតដូចជា ការការពារទីជម្រាលទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរ ឡើងនៃគុណភាពដី និងផ្តល់នូវផល អនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ។ ហេតុនេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ដើម្បីទន្ទ្រានយកដីព្រៃ ការដុតព្រៃឈើយកដី រដ្ឋធ្វើកម្មសិទ្ធិ សូមបញ្ឈប់ជាបន្ទាន់ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើ ខុសច្បាប់គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុតជាពិសេសគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលមកពីការកាប់បំផ្លាញ ព្រៃឈើនោះនឹងកើតភ្លាមចំពោះសង្គមជាតិ ។
លោក អ៉ឹង គឹមលាងបន្ថែមថា៖យើងត្រូវ រួមសាមគ្គីគ្នា បណ្តុះឡើងវិញនូវគំនិត ស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះឡើងវិញនូវទស្សនៈ សន្សំសំចៃក្នុងការប្រើប្រាស់ផល អនុផលព្រៃឈើគ្រប់ប្រភេទ បណ្តុះឡើងវិញនូវស្មារតីគោរពច្បាប់ អនុវត្តច្បាប់ដើម្បីរួមចំណែកកសាងព្រះ រាជាណាចក្រកម្ពុជាឱ្យទៅជានីតិរដ្ឋ ។ ចំពោះកូនឈើដែលបានដាំរួចហើយ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅនឹងកន្លែង មេត្តាសកម្មចូលរួមថែរក្សាឱ្យបានម៉ត់ចត់ជាប្រចាំ ដើម្បីធ្វើឱ្យកូនឈើទាំង នោះលូតលាស់ ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ។
លោក អភិបាលរងខេត្តមានប្រសាសន៍បន្តថា ការដាំដើមឈើនៅពេលនេះ បង្ហាញនូវអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ជាចលនាបំផុសស្មារតីប្រជាពលរដ្ឋមន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះនិងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ដល់ប្រជារាស្រ្តក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្មនិងបង្កើនសុខុមាលភាពគ្រួសារព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។ ម្យ៉ាងវិញទៀតពិធី «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតន កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណង ដើម្បីជួយ ឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះភពផែនដី និងមនុស្សជាតិ ហើយព្រះអង្គបានបន្សល់ ទុកនូវព្រះរាជបន្ទូលថា “ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋ គ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានភាពប្រក្រតីជាវិជ្ជមាន ចំពោះវិស័យកសិកម្មនិងមនុស្សជាតិ” ៕