កិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារខែ កក្កដា និងលើកទិសដៅអនុវត្តការងារខែសីហា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តកែប

ខេត្តកែប៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបូកសរុប សភាពការណ៍ លទ្ធផលការងារ ខែកក្កដា និងលើកទិសដៅអនុវត្តការងារខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តកែប។

កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរ:សេនីយ៍ ស្នងការរងទទួលផែនគ្រប់ផែន លោកវរសេនីយ៍ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យ នាយ នាយរងការិយាល័យ ប្រធានក្រុមអន្តរាគមន៍ ក្រុមចម្រុះនគរបាលខេត្តប្រចាំការតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ឆ្នេរ ផែ កោះទន្សាយ មន្ត្រីពាក់ព័ន្ធ និងនាយប៉ុស្តិ៍រដ្ឋបាលទាំង៥ សរុបចំនួន១៣៥នាក់។

តាមរបាយការណ៍ប្រចាំខែកក្កដា របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមមានលក្ខណៈល្អប្រសើរ ពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ អង្គប្រជុំក៏បានស្តាប់ការអានបទបញ្ជាលេខ ០១ ប.ប ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជា និងស្តាប់ការចូលរួមយោបល់តាមបណ្តាផែន ការិយាល័យជំនាញមួយចំនួន អធិការនគរបាលក្រុង ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាល អំពីលទ្ធផលកិច្ចសហប្រតិបត្តិការ ការងារប្រចាំខែកន្លងមករបស់ខ្លួន។

ចំពោះកិច្ចប្រតិបត្តិការសំខាន់ៗក្នុងខែនេះ ស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញផែនការ រក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ ពិធីបុណ្យជាតិផ្សេងៗ
និងភ្ញៀវទេសចរជាតិ អន្តរជាតិ មានរបៀបរៀបរយនិងសុវត្ថិភាពល្អ។ ទន្ទឹមនេះក៏បានណែនាំដល់គ្រប់អង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំល្បាតរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ភូមិ ឃុំ ដែលបានចាត់តាំងធ្វើទាំងពេលថ្ងៃ និងពេលយប់ ការងារបង្ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងការជួយសហការជួយសង្គ្រោះជនរងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

មានប្រសាសន៍បូកសរុបអង្គប្រជុំ លោកឧត្តមសេនីយ៍ ស្នងការ បានអំណរសាទរនិងអរគុណចំពោះកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុខភាពសាធារណៈទទួលបានលទ្ធផលល្អប្រសើរ និងបានដាក់ចេញទិសដៅបន្ត ដោយផ្តោតសំខាន់ការងាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការបង្ការបង្រ្កាប បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ក្មេងទំនើង ការងាររិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់គ្រប់មូលដ្ឋានអោយបានល្អប្រសើរជាបន្តទៀត។

បន្ថែមពីនេះលោកឧត្តមសេនីយ៍ទោ ស្នងការ បានបានដាក់ទិសដៅដល់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត និងលោកអធិការនគរបាលក្រុង ស្រុក ត្រូវអនុវត្តនូវបទបញ្ជាលេខ ០១ ប.ប របស់រាជរដ្ឋាភិបាល ស្ដីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឲ្យបានមុឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពនិងកើនរំលឹកដល់លោកលោកស្រីជាថ្នាក់ដឹកនាំត្រូវធ្វើជាគំរូល្អដល់មន្ត្រីក្រោមឱវាទនិងត្រូវពង្រឹងការគ្រប់គ្រងដឹកនាំបញ្ជាក្នុងការអនុវត្តតួនាទីភារកិច្ចប្រចាំថ្ងៃ ពង្រឹងវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ។

ចង់បញ្ចប់លោក ស្នងការ បន្តណែនាំរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបានប្រគល់លិខិតសរសើររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចស្នូលយ៉ាងខ្ជាប់ខ្ជួន ធ្វើឱ្យឃុំសង្កាត់គ្មានបទល្មើស មានស្នាដៃឆ្នើមក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងផ្ដល់សេវារដ្ឋបាលចាំបាច់នានាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈនិងតម្លាភាពផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *