ខេត្តកំពត៖ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកា ដែលទទួលបានពីសប្បុរសជនក្នុងស្រុក ផ្តល់ជូនដល់គ្រួសារ វរកងទ័ពសមរភូមិជួរមុខ ការពារព្រំដែនកម្ពុជា–ថៃ សរុបចំនួន ២៧២ គ្រួសារ នៅក្នុងស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ខេត្តកំពត។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានសំដែងនូវការគោរពដឹងគុណនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពជួរមុខ ក៏ដូចជាមានការផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គ្រួសារវីរកងទ័ពទាំងអស់។ ចំពោះសម្ភារដែលទទួលបានពីសប្បុរសជន ត្រូវបាន ផ្គត់ផ្គង់ទៅសមរភូមិជួរមុខ និងផ្តល់ឱ្យគ្រួសារយុទ្ធជនដែលនៅសមរភូមិមុខ រស់នៅសមរភូមិក្រោយ។ ចំពោះថវិកា ដែលទទួលបានពីសប្បុរសជន គឺបានបែងចែកជូនទៅគ្រួសារកងទ័ពសមរភូមិជួរមុខ នៅតាមក្រុងស្រុកនីមួយៗ ស្មើៗគ្នា។ ថវិកានេះ មិនបានផ្ដល់ដោយផ្ទាល់ដល់យុទ្ធជននៅសមរភូមិជួរមុខទេ ប៉ុន្តែទុកជូនគ្រួសារក្នុងសមរភូមិក្រោយ។ ប្រសិនបើយុទ្ធជននៅសមរភូមិជួរមុខមានការទាមទារ ប្រើប្រាស់ថវិកា គ្រួសារអាចបញ្ជូនទៅឱ្យគាត់តាមរយៈ QR Code ធនាគារ ឬវិធីផ្សេងៗ៕
ប្រភព៖ រដ្ឋបាលខេត្តកំពត