ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះជូនពលរដ្ឋ ដាំដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាល់បណ្តុះកូនឈើនានាទូទាំងប្រទេ
ដើម្បីឱ្យស្របតាមរដូវកាល មានភ្លៀងធ្លាក់ក្នុងរដូវវស្សាឆ្នាំ២០២៥ ក្រសួងក្រសួងបរិស្ថាន បន្តចែកកូនឈើចម្រុះ ក្នុងនោះកូនត្នោតប្រមាណ ១លានដើម ជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» នៅក្នុងខែសីហា ឆ្នាំ២០២៥ នេះ នៅតាមន្ទីរបរិស្ថានរាជធានីខេត្តនានា ទូទាំងប្រទេស និងតាមថ្នាល់បណ្តុះកូនឈើ របស់មន្ទីរបរិស្ថាន ដៃគូអភិវឌ្ឍន៍ សប្បុរសជន សហគមន៍តំបន់ការពារធម្មជាតិ និងថ្នាល់បណ្តុះកូនឈើថ្នាក់តំបន់។
សាធារណជនអាចបន្តមកទទួលយកកូនឈើ តាមទីតាំង ដែលបង្កើតឡើង ចំនួន៥៥កន្លែងនៅទូទាំងប្រទេស ដោយមាន QR Code ភ្ជាប់ជាមួយ។
សូមបញ្ជាក់ថា ក្នុងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បន្តបានចែកកូនឈើ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ តាមរយៈមន្ទីរបរិស្ថានរាជធានី ខេត្ត ចំនួនប្រមាណ៣ម៉ឺនដើម ក្នុងនោះរួមមាន កូនត្នោត កូនឈើព្រៃចម្រុះ កូនឈើហូបផ្លែនិង កូនឈើលម្អ ដើម្បីយកទៅដាំ តាមលំនៅឋាន សាលារៀន វត្តអារាម ការដាំស្តារពង្រីកគម្របព្រៃឈើ តាមសហគមន៍តំបន់ការពារធម្មជាតិ។
ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» ដើម្បីជំរុញការបណ្តុះកូនឈើ នៅតាមថ្នាល របស់មន្ទីរបរិស្ថានទូទាំងប្រទេស និងបង្កើតថ្នាលបណ្តុះកូនឈើ ថ្នាក់តំបន់ចំនួន៥កន្លែងធំៗ នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង នៅឆ្នាំ២០២៥ បានកូនឈើសរុបចំនួន ៣ ៤៥៤ ៤៧២ ដើម ក្នុងនោះមាន ឈើហូបផ្លែចំនួន១៤៦ ៣៣២ ដើម, ឈើព្រៃចំនួន ១ ៩៣៣ ៧៣៦ ដើម និងកូនត្នោតចំនួន១ ៣៧៤ ៤៣៤ដើម៕